កម្ពុជា រំពឹងម្ចាស់ផ្ទះថៃ នឹងដាក់កីឡាជឺជីតស៊ូ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ វិញ
(ភ្នំពេញ)៖ លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា រំពឹងថា ម្ចាស់ផ្ទះថៃ នឹងដាក់ប្រភេទកីឡាជឺជីតស៊ូ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ វិញ ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានទទួលសញ្ញាណវិជ្ជមានពីកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធក្នុងតំបន់ ស្របពេលសមាគមកីឡាជឺជីតស៊ូថៃ ក៏បានជំរុញភាគីម្ចាស់ផ្ទះផ្ទាល់ ដើម្បីសម្រេចដាក់ប្រភេទកីឡាដ៏មានសក្ដានុពលនេះផងដែរ ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តរបស់ក្រុមប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ក្រោយបញ្ចប់ការប្រកួត ASIAN Regional Championship Southeast Asia ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ ដោយក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ៨ ។
អនុប្រធានសហព័ន្ធដដែល បានបញ្ជាក់ថា ពាក់ព័ន្ធវត្តមានកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣៣ ហាក់មានភាពស្រពេចស្រពិល បន្ទាប់ពីម្ចាស់ផ្ទះថៃ ប្រកាសមិនដាក់កីឡានេះក្នុងការប្រកួត ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេហ៍ កាលពីខែមិថុនាកន្លងទៅ ។ ប៉ុន្ដែព័ត៌មានចុងក្រោយ ដែលសហព័ន្ធទទួលបាន ហាក់មានសញ្ញាណវិជ្ជមាន ដែលកីឡាជឺជីតស៊ូ អាចនឹងត្រូវដាក់ឲ្យមានក្នុងការប្រកួតកីឡាស៊ីហ្គេមឡើងវិញ ។
លោកបន្ដថា «អាចថា ម្ចាស់ផ្ទះថៃ គាត់ដាក់ចូលវិញ ដោយសាររាល់ដងក្នុងវិស័យកីឡានីមួយៗ ពេលយើងទៅប្រកួតក្នុងលក្ខណៈតំបន់ ឬអាស៊ី គេតែងមានកិច្ចប្រជុំប្រតិភូ ឬនាយបេសកកម្ម ។ សម្រាប់លើនេះ គេបានផ្ដល់ព័ត៌មានខ្លះ ដែលសង្កត់ធ្ងន់ថា អាចនឹងមានវិញ ព្រោះកីឡាជឺជីតស៊ូថៃ ក៏ខ្លាំងដែរ ក្នុងតំបន់ ។ ចឹងខ្ញុំគិតថា គាត់បានព្យាយាមជំរុញភាគីថៃខ្លាំងដែរ ដើម្បីជំរុញការដាក់កីឡាជឺជីតស៊ូក្នុងស៊ីហ្គេម លើកទី៣៣ វិញ» ។
ទោះបីមិនទាន់មានការបញ្ជាក់ជាផ្លូវការ តែលោក ថោង បញ្ញាធន បានចាត់ទុកនេះ គឺជាដំណឹងល្អមួយ ដែលជំរុញឲ្យសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីកាន់តែមានការខិតខំប្រឹងប្រែង ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗទៀត បន្ទាប់ពីការខិតខំបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឆ្នើមៗ រហូតសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរជាបន្ដបន្ទាប់នាពេលកន្លងមក ។
សូរំឮកថា កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ថៃ បានប្រកាសកំណត់កីឡាបឋមចំនួន ៤៤ប្រភេទកីឡា សម្រាប់ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដោយបែងចែកជា ៣ក្រុម៖
ក្រុមទី១-ប្រភេទកីឡាចាំបាច់ គឺមានកីឡាអត្តពលកម្ម និងកីឡាក្នុងទឹក ដែលរួមមានហែលទឹក លោតទឹក បាល់ទឹក រាំក្នុងទឹក និងហែលទឹកម៉ារ៉ាតុង ។
ក្រុមទី២ ជាប្រភេទកីឡាអូឡាំពិក និងអាស៊ី ក្នុងនោះមានកីឡាបាញ់ធ្នូ, វាយសី, បាល់បោះ (5×5, 3×3), ទូកកាណូ, រ៉ូអ៊ីង, ទោចក្រយាន, គុនដាវ, បាល់ទាត់ (បុរស, នារី), វាយកូនហ្គោល, កាយសម្ព័ន្ធ, បាល់គប់, ហុកគី, ហុកគីលើទឹកកក, យូដូ, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, ជិះស្គីលើទឹកកក, ផេនតាត្លុងទំនើប, បេស្បល-សូហ្វបល, ប្រដាល់សកល, ជិះសេះ និងប៉ូឡូ, បាល់ឱប និងទូកក្តោង ព្រមទាំងប្រភេទកីឡាអាស៊ីក្នុងសាល និងក្បាច់គុន រួមមានបាល់ទាត់ Futsal, មួយ, បញ្ចស៊ីឡាត់, ប៉េតង់, ស៊ីប៉ាក់តាក្រ, ប៊ីយ៉ា និងស្នូកឃ័រ និងកីឡាអេឡិចត្រូនិកច ។
ក្រុមទី៣ គឺមានកីឡា Floorball, ឃីកបុកស៊ីង, បាល់ទាត់លើតុ និង Netball ក្រៅពីនេះ ក៏មានកីឡាសម្ដែង ២ប្រភេទផងដែរ រួមមានកីឡាទាញព្រ័ត្រ និងកីឡាចោលថាស ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






