ព័ត៌មានជាតិ July 20, 2024

អភិបាលខេត្តកំពង់ចាម ណែនាំអាជ្ញាធរស្រុកបាធាយ និងស្រុកកងមាស រៀបចំទូកចម្លងសិស្សដើម្បីការពារសុវត្ថិភាព

Liny Chan

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកបាធាយ និងស្រុកកងមាស ឲ្យរៀបចំទូកចម្លងសិស្ស ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ នៅពេលសិស្សានុសិស្សឆ្លងទៅសិក្សារៀនសូត្រប្រចាំថ្ងៃ។

លោកអភិបាលខេត្ត បានលើកឡើងនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធី សម្រាប់រៀបចំប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារតែមួយរយៈ នេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃធ្វើឲ្យទឹក អូរ ស្ទឹង ទន្លេបានឡើង ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ និងផលលំបាកដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សារៀនសូត្រតាមមូលដ្ឋាន នៅក្នុងស្រុកបាធាយ និងស្រុកកងមាស ដែលប្រឈមនឹងទឹកជន់លិច ពិសេសសិស្សានុសិស្ស ត្រូវឆ្លងកាត់ទៅបន្តការសិក្សាប្រចាំថ្ងៃ។ ដូច្នេះអាជ្ញាធរត្រូវត្រៀមទូកបន្ថែមទៀត និងកំណត់ចំនួនអ្នកជិះឲ្យបានត្រឹមត្រូវ ជៀសវាងនៅពេល ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរច្រើនអាចបង្ករឲ្យមានហានិភ័យកើតឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News