Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

    BY Nisaiy KP July 21, 2024
    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

    (កំពង់ចាម)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    កាលពិនិត្យព្យាបាលនេះដឹកនាំដោយ លោក ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោកស្រី ចម និម្មល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

    លោក ឡេង ផល្លី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ នាឱកាសនេះ គឺសុទ្ធតែគ្រូពេទ្យមានចំណេះជំនាញច្បាស់លាស់ ដែលធ្លាប់បានទទួលការសិក្សា នៅក្រៅប្រទេសផងដែរ។ ដោយឡែកចំពោះឱសថ ដែលត្រូវចែកជូនប្រជាពលរដ្ឋ សុទ្ធតែឱសថល្អៗ ប្រើប្រាស់សម្រាប់ព្យាបាលជំងឺប្រជាពលរដ្ឋយើង ប្រកបដោយប្រសិទ្ធភាព ។

    លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលបានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកព្រៃឈរនេះ ។

    លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ក្នុងការពិនិត្យ និងព្យាបាលជំងឺនាពេលនេះ បើតាមផែនការ គឺសម្រាប់ប្រជាពលរដ្ឋ ៥,០០០ នាក់ ប៉ុន្តែប្រសិនបើមានបងប្អូនប្រជាពលរដ្ឋយើងអញ្ជើញមកពិនិត្យនិងព្យាបាលលើសពីនេះ ក្រុមគ្រូពេទ្យទទួលពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង ដោយគ្មានកំណត់ ។

    លោកស្រី ចម និម្មល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ បានថ្លែងថា ដោយសារអាកាសធាតុមានការប្រែប្រួល ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នទៅលើសុខភាព។ ជាពិសេសការថែទាំបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងរស់នៅដោយមានអនាម័យល្អជាប្រចាំ ពោលគឺទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ផឹកស្អាតជាដើម ដើម្បីរក្សាកម្លាំងរាងកាយឲ្យបានរឹងមាំ ប្រកបមុខរបរ បង្កើនជីវភាពក្នុងគ្រួសារប្រកបដោយសុខដុមរមនា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: