ព័ត៌មានជាតិ July 22, 2024

ច្នៃកាំភ្លើងដោយគ្មានការអនុញ្ញាត រួចថតបង្ហោះហ្វេសប៊ុកក្អាកក្អាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ

Liny Chan

(ក្រចេះ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត និងដកហូតបានកាំភ្លើងចំនួន២ដើម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បុរសជាជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិកា រដ្ឋាននគរបាលស្រុកស្នួល ចុះបង្រ្កាបបាននៅចំណុចអូរគុយ ស្ថិតនៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ពាក់ព័ន្ធករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត។

ជនសង្ស័យឈ្មោះ ឈាង គង់ អាយុ៣៨ឆ្នាំ ជាមួយនឹងការចាប់ឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងមាន៖ កាំភ្លើងកែច្នៃចំនួន២ដើម (១ដើមប្រើប្រាស់កើត និង១ដើមទៀតប្រើប្រាស់ពុំកើត) គ្រាប់ពិដាងកង់ចំនួន៣គ្រាប់ កាំបិតស្នៀត១ ជំពាមកៅស៊ូ១ និងទូរស័ព្ទ១។

ក្រោយពីការសាកសួរជន សង្ស័យឈ្មោះ ឈាង គង់ បានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០២៣ ខ្លួនបានកែច្នៃអាវុធវែងបានចំនួន២ដើម បន្ទាប់ពីច្នៃរួច គេបានរក្សាទុកប្រើប្រាស់បាញ់សត្វនៅក្នុងចម្ការរបស់ខ្លួន និងក្រៅពីនោះក៏បានថតរូបកាំភ្លើងបង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ បងគង់ ស្រុកស្នួល ជាច្រើនលើកច្រើនសារ ហើយឃ្លីបវីដេអូ និងរូបភាពកាំភ្លើងពិតដែលខ្លួនបានយកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឈាង គង់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News