Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ

    BY Liny Chan July 22, 2024
    រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ

    (កណ្ដាល)៖ រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺ ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

    ក្នុងសេចក្តីបំភ្លឺ បានឲ្យដឹងថា​ រដ្ឋបាលស្រុកស្អាង សូមបដិសេធលើការចោទប្រកាន់របស់ឈ្មោះ អ៊ុច រដ្ឋតារា ពាក់ព័ន្ធនឹងបញ្ហាដីប្រមាណ៥០ហិកតា ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា បានដាក់ពាក្យបណ្តឹង លើមន្ត្រីរដ្ឋបាលស្រុកស្អាង ០៤រូប ព្រមទាំងធ្វើការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរួមទាំងមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្អាង។

    រដ្ឋបាលស្រុកស្អាង សូមបញ្ជាក់ថា សំណុំរឿងពាក់ព័ន្ធនឹងដីប្រមាណ ៥០ហិកតាខាងលើក៏ដូចជាពាក់ព័ន្ធ នឹងបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា នេះកំពុងស្ថិតនៅក្រោមការដោះស្រាយតាមនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ ហើយមន្ត្រីជំនាញមិនបានជម្រិតទារប្រាក់ពីបុគ្គល អ៊ុច រដ្ឋតារា ដូចការចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលស្រុក តែងតែណែនាំមន្ត្រីពាក់ព័ន្ធឲ្យខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ដល់ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងស្រុកស្អាង ។

    ដូច្នេះរដ្ឋបាលស្រុកស្អាង សូមអំពាវនាវដល់សាធារណៈជន និងអ្នកសារព័ត៌មានសូមបញ្ឈប់ការចុះផ្សាយ ឬក៏ចែករំលែកព័ត៌មានមិនពិតដែលផ្តល់ដោយបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា ពាក់ព័ន្ធដីប្រមាណ ៥០ហិកតាស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

    ទន្ទឹមនោះរដ្ឋបាលស្រុកស្អាង នឹងរង់ចាំ ផ្តល់ព័ត៌មាន លើបញ្ហាពាក់ព័ន្ធនឹងដីខាងលើនេះ ប្រសិនបើសាធារណៈជន ឬអ្នកសារព័ត៌មានចង់ដឹង ចៀសវាងការចុះផ្សាយ ព័ត៌មានមិនពិតនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល ស្ថាប័នរដ្ឋ និងបាត់បង់ជំនឿពីសាធារណៈជន៕

    ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺ របស់រដ្ឋបាលស្រុកស្អាង៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: