Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់មហាជន និងសិល្បករ ចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ អបអរសាទរ ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ»

    BY Liny Chan July 22, 2024
    រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់មហាជន និងសិល្បករ ចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ អបអរសាទរ ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ»

    (ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ «ព្រែកជីកហ្វូណនតេជោ» ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រី នៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦៖០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។

    ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឲ្យបានអធិកអធម និងបង្ហាញពី សក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ «អគ្គមគ្គទេសក៍បិតាស្ថាបនិក សន្តិភាពកម្ពុជា» សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្តែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា។

    រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឲ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល។

    សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៩៧៥ ៩៩៣ ឬ ០១២ ២៣៤ ៥៦១៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: