Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិក ២រូបដែលបាត់ ត្រូវតែបន្តទៅមុខរហូតដល់រកឃើញ

    BY Liny Chan July 23, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិក ២រូបដែលបាត់ ត្រូវតែបន្តទៅមុខរហូតដល់រកឃើញ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។

    សម្តេចបញ្ជាក់ទៀតថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។

    សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។

    សម្តេចក៏សូមអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។

    សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។

    ជាមួយគ្នានេះ សម្តេចធិបតី បានជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: