Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គលេខាធិការរង UN កោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់

    BY Liny Chan July 23, 2024
    អគ្គលេខាធិការរង UN កោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់

    (ភ្នំពេញ)៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។

    ក្នុងជំនួបជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក Atul Khare ក៏បានសម្តែងនូវការស្ញប់ស្ញែងចំពោះកម្ពុជា ដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារីរហូតដល់ទៅ ២០%។

    អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់លោក កាលនៅក្នុងតំណែងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប អស់រយៈពេលជិត២០ឆ្នាំកន្លងទៅនេះ។ លោកបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈមនិងការបាត់បង់ជីវិតមួយចំនួនរបស់កងទ័ពមួកខៀវយើងក្នុងបេសកកម្មនោះយ៉ាងណាក៏ដោយ។

    លោកអនុប្រធានទី១ និង លោកអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃខ្ពស់ពី សារសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះ។ កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប នៅឆ្នាំ១៩៩១ បានក្លាយទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ដែលនេះសរបញ្ជាក់ឱ្យ ឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីចូលរួមចំណែកក្នុងការការពារសុខសន្តិភាពនិងស្ថេរភាពសកល។

    លោក Atul Khare បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីភាពជាដៃគូត្រីភាគី (Triangular Partnership Program – TPP) និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

    មុននឹងបញ្ចប់ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានលើកកោតសរសើរពី កិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងក្របខ័ណ្ឌកម្មវិធី អភិវឌ្ឍសង្គម- សេដ្ឋកិច្ចផ្សេងៗទៀតផងដែរ។ ជាពិសេស លោក ប្រាក់ សុខុន ថ្លែងអំណរ គុណចំពោះ លោក អគ្គលេខាធិការរង អ.ស.ប ដែលមកបំពេញទស្សនកិច្ចជាលើកទី១នៅកម្ពុជា ហើយដែលជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាព និងស្ថេរភាពពិភពលោក៕ Fresh News

    Share This Post: