Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហគ្រិនខ្មែរ ១រូប បោះទុនដាំខ្ញី តាមលក្ខណៈបច្ចេកទេសនៅឃុំអូរសោម ដើម្បីនាំចេញទៅកាន់ទីផ្សារអាមេរិក

    BY Nisaiy KP August 18, 2024
    សហគ្រិនខ្មែរ ១រូប បោះទុនដាំខ្ញី តាមលក្ខណៈបច្ចេកទេសនៅឃុំអូរសោម ដើម្បីនាំចេញទៅកាន់ទីផ្សារអាមេរិក

    (ពោធិ៍សាត់)៖ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញីមួយកន្លែងលើផ្ទៃដី១៣ហិកតា ដំណាក់កាលទី១ តាមលក្ខណៈបច្ចេកទេស និងដំណាក់ទី២ លោកនឹងពង្រីកនៅលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

    សម្រាប់ទីតាំងដាំខ្ញីនេះ គឺស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោម ដើម្បីដាំខ្ញីដោយសារនៅទីនេះ អាកាសធាតុអំណោយផលលើការដាំដុះប្រភេទដំណាំមើមទាំងដី។ សម្រាប់ការដាំសាកល្បងដាំខ្ញី រយៈពេលជាង១០០ថ្ងៃមកហើយ ១គីឡូ ដល់ ១.៥គីឡូក្រាម នៅពេលដល់អាយុប្រមូលផល។

    លោកបានបន្ថែមថា នៅក្នុង១ហិកតា សម្រាប់ទិន្នផលខ្ញី ១ហិកតា អាចប្រមូលផលបាន ៧៥-១០៥តោន អាស្រ័យទៅលើការអនុវត្តនលើបច្ចេកទេសត្រឹមត្រូវ។

    បើតាមម្ចាស់កសិដ្ឋានខ្ញអូររសោមរូបនេះ បានឱ្យដឹងថា៖ «សម្រាប់ពូជខ្ញីនេះ គឺលោកបានដើរស្រាវជ្រាវនៅតាមបណ្តាប្រទេសមួយចំនួន ហើយចុងក្រោយលោកបានរកឃើញពូជខ្ញីនេះពីប្រទេសចិន ដែលធន់ជាមួយនឹងអាកាសធាតុនៅកម្ពុជា ជាពិសេសស្ថានភាពអាកាសធាតុនៅតំបន់អូរសោម នៅក្នុងដំណាក់កាលដំបូងនេះលោកដាំលើផ្ទៃដី១៣ហិកតា សម្រាប់ធ្វើជាពូជ ហើយដំណាក់កាលទី២ លោកគ្រោងពង្រីកលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក»

    លោកបានបញ្ជាក់ថា នៅក្នុងផ្ទៃដី ១ហិកតា លោកបានប្រើពូជខ្ញីប្រមាណ ៦តោន និងប្រើប្រាស់កម្លាំងកម្មករចំនួន ៥០នាក់ រួមទាំងអ្នកជំនាញផ្នែកកសិកម្មរបស់ចិនម្នាក់ផងដែរ។

    សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: