ព័ត៌មានអន្តរជាតិ August 25, 2024

ការបំ.ផ្ទុះគ្រា.ប់នៅប៉ាគីស្ថាន បាត់បង់ជីវិតកុមារ ២នាក់ និងរបួស ១៦នាក់

Nisaiy KP

(អ៉ីស្លាម៉ាបាដ)៖ មន្រ្តីប៉ូលិសនិយាយថា ការបំផ្ទុះគ្រាប់បែកនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានបានសម្លាប់កុមារ ២នាក់ និងរបួសមនុស្សចំនួន ១៦នាក់ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Manzoor Buledi បានប្រាប់ Reuters ថាប៉ូលិស ៧នាក់ស្ថិតក្នុងចំណោមអ្នករងរបួស នៅពេលគ្រាប់បែកបញ្ជាពីចម្ងាយដែលដាក់ភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿងផ្ទុះឡើង នៅជិតទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Pishin។ កុមារ ២នាក់បានដើរកាត់ទីតាំងកើតហេតុ ទើបត្រូវស្លាប់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន់ស្រន់ឱ្យអ្នករបួសឆាបជាសះស្បើយ។ មិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនៅឡើយទេ សម្រាប់ការបំផ្ទុះនេះ ខណៈមូលហេតុស្ថិតក្រោមការស៉ើបអង្កេត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews