ព័ត៌មានជាតិ September 1, 2024

៨ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Nisaiy KP

(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៦៥១ ៤៥៧នាក់ កើន៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

រយៈពេល៨ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ៣០៣ ៧១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews