Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់អត់នៅ ចោរគាស់ផ្ទះលួចយកម៉ូតូ ២គ្រឿង និងទម្លាក់ចោលក្នុងប្រឡាយទឹក១គ្រឿង

    BY Liny Chan September 4, 2024
    ម្ចាស់អត់នៅ ចោរគាស់ផ្ទះលួចយកម៉ូតូ ២គ្រឿង និងទម្លាក់ចោលក្នុងប្រឡាយទឹក១គ្រឿង

    (ភ្នំពេញ)៖ ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈម្ចាស់អត់នៅហើយចាក់សោទ្វារចោល ក៏ស្រាប់តែមានចោរ១ក្រុម ធ្វើសកម្មភាពគាស់លួចយកម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង ៣និង៥នាទីទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

    ពេលលួចនោះ អ្នកភូមិឃើញហើយស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើល ហើយចោរក៏យកម៉ូតូ២គ្រឿងទៅបាត់អស់ ចំណែក១គ្រឿងទៀតអត់ឆេះហើយបែកកង់ទៀត យកតៅមិនរួចចោរក៏រុញទម្លាក់ចូលទៅក្នុងមាត់លូទឹកតែម្ដង។

    ម្ចាស់ផ្ទះឈ្មោះ ម៉ា នីកា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់អីវាន់អនឡាញ បាត់បង់ម៉ូតូម៉ាក Honda Zoomer-X ចំនួន២គ្រឿងក្នុងនោះ១គ្រឿង ពណ៌ក្រហមស ពាក់ស្លាកលេខកណ្ដាល 1AA-4799 និង១គ្រឿងមិនចាំស្លាកលេខ។ ចំណែកឯម៉ូតូ១គ្រឿងទៀតដែលចោររុញទម្លាក់ចូលមាត់លូទឹកនោះម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE-2401។

    ម្ចាស់ផ្ទះបាននិយាយថា តាមរយៈការឆែកកាមេរ៉ាសុវត្ថិភាពបានឃើញថា ក្រុមចោរមានគ្នាចំនួន៤នាក់ ហើយបានគាស់ និងដោះកញ្ចក់ទ្វារផ្ទះរបស់គាត់ រួចចូលលួចយកម៉ូតូចំនួន៣គ្រឿង គាត់បានទុកម៉ូតូទាំង៣គ្រឿង ដែលគាត់ទុកនៅនៅក្នុងផ្ទះនោះ។

    ម្ចាស់ផ្ទះបាននិយាបន្តទៀតថា នៅវេលាល្ងាចថ្ងៃទី៣ ខែកញ្ញា គាត់បានចាក់សោទ្វារផ្ទះចោលអត់មានអ្នកនៅមើល។ បន្ទាប់មកក៏ជិះរថយន្តទៅលេងផ្ទះបងថ្លៃ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយអត់បានត្រលប់មកវិញនោះទេ គាត់ក៏បានដេកនៅផ្ទះបងថ្លៃនោះ១យប់។ លុះដល់វេលាម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ស្រាប់តែអ្នកជិតខាងបានខលប្រាប់ថា មានចោរគាស់ផ្ទះ និងបានឃើញចោរកំពុងអូសម៉ូតូចេញពីផ្ទះរបស់គាត់។

    ម្ចាស់ផ្ទះបាននិយាយទៀតថា ពេលនោះគាត់បានបើករថយន្តត្រលប់មកផ្ទះវិញភ្លាមៗ ហើយពេលមកដល់ឃើញទ្វារចំហរនិងបាត់ម៉ូតូទាំង ៣គ្រឿង ទើបទៅប្ដឹងនគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យជួយអន្តរាគមន៍។ រហូតដល់ព្រឹកឡើង ស្រាប់តែមានគេទៅប្រាប់ថាបានប្រទះឃើញម៉ូតូ Honda Scoopy ១គ្រឿងនៅក្នុងប្រឡាយទឹកចំងាយ១០០ម៉ែត្រពីផ្ទះ។ ភ្លាមនោះគាត់ទៅមើលហើយបានស្គាល់ថាជាម៉ូតូរបស់គាតដែលចោរទុកចោល ក៏ស្រង់យកទៅធ្វើការជួសជុលដើម្បីទុកជិះបន្តទៀត។

    ប្រជាពលរដ្ឋបាននិយាយថា នៅពេលដែលជនសង្ស័យកំពុងអូសម៉ូតូចេញទៅនោះពួកគាត់បានស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបចោរយកម៉ូតូទៅបានតែ២គ្រឿង ហើយរុញទម្លាក់ចោលទៅក្នុងប្រឡាយទឹក ១គ្រឿងបែបនេះតែម្ដង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: