Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រតិភូក្រុមហ៊ុនចិនជួបពិភាក្សាជាមួយអគ្គនាយក ARDB បង្ហាញបំណងចាប់វិនិយោគលើដំណាំប្រេងខ្យល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះស្រូវ

    BY Liny Chan September 5, 2024
    ប្រតិភូក្រុមហ៊ុនចិនជួបពិភាក្សាជាមួយអគ្គនាយក ARDB បង្ហាញបំណងចាប់វិនិយោគលើដំណាំប្រេងខ្យល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះស្រូវ

    (ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុនGXAS High Technology Group ព្រមទាំងតំណាងកុងស៊ុលមកពីខេត្តហ្គង់ស៊ី ប្រទេសចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ។

    ក្នុងជំនួបនោះ លោកបានជម្រាបជូនដល់គណៈប្រតិភូក្រុមហ៊ុនចិន ពីគោលការណ៍របស់ធនាគារ ARDB ជាធនាគារគោលនយោបាយរបស់រដ្ឋ បាននិងកំពុងផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម ជាពិសេសឥណទានបៃតង ដែលកំពុងតែពេញនិយម និងទើបតែដាក់អនុវត្តរួចមកហើយ។ ធនាគារ ARDB ត្រៀមសហការជានិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិន នឹងនាំយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។

    លោក Se Hok Pan ប្រធានក្រុមហ៊ុន Nature Home Group ចាត់ទុកថា ទស្សនកិច្ចថ្ងៃនេះគឺមានបំណងស្វែងរកការវិនិយោគលើដំណាំ ប្រេងខ្យល់ អំពៅ ការចិញ្ចឹមត្រីទឹកប្រៃ និងការដំាដុះដំណាំស្រូវ ហើយថ្មីៗនេះ បានសហការជាមួយ ក្រុមហ៊ុន GXAS High Technology Group លើកិច្ចការពារផ្នែកបរិស្ថាន និងកំពុងស្វែងរកដៃគូពាក់ព័ន្ធនៅកម្ពុជា ដើម្បីលើកកម្ពស់លើផ្នែកបច្ចេកវិទ្យាក្នុងការដាំដុះនៅកម្ពុជាផងដែរ។

    ប្រធានក្រុមហ៊ុន Nature Home Group សង្ឃឹមថា ធនាគារ ARDB នឹងគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍ផ្នែកដាំដុះដំណាំកសិកម្មនេះ រួមបញ្ចូលបច្ចេកវិទ្យាទំនើបមកពីប្រទេសចិន ដើម្បីមកបំពាក់នៅកម្ពុជាបម្រើក្នុងវិស័យកសិកម្ម។

    សម្រាប់បណ្ឌិត កៅ ថាច បានថ្លែងថា ធនាគារ ARDB ជាស្ថាប័នរដ្ឋមានតួនាទីផ្តល់ហិរញ្ញប្បទាន ដល់វិស័យកសិកម្មជាពិសេស កសិករ និងអ្នកកែច្នៃ ដែលមានអត្រាការប្រាក់ទាបជាងគេ ហើយក្រៅពីនេះគឺក្នុងជំហ៊ានដំបូង យើងអាចជួយសម្របសម្រួល ទៅស្ថាប័នពាក់ព័ន្ធមានផ្នែកពន្ធដារជាដើម។

    រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តមួយផ្នែកធំលើវិស័យកសិកម្ម ដូចជាការនាំចូលគ្រឿងចក្រកសិកម្ម ដើម្បីផលិតបម្រើក្នុងវិស័យកសិកម្ម គឺ ពន្ធស្ទើរតែសូន្យភាគរយ ដែលជាការលើកទឹកចិត្តនឹងជួយជ្រោមជ្រែងដ៏ធំពីរាជរដ្ឋាភិបាលកម្ពុជា។

    ទាក់ទងនិងការគម្រោង ដាំដំណាំប្រេងខ្យល់ អំពៅ និងការចិញ្ចឹមត្រីទឹកប្រៃ លោកបណ្ឌិត បានសម្តែងការស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដាំដុះដំណាំនៅកម្ពុជា ជាពិសេស ដំណាំបើអាច គួរផ្តោតលើដំឡូងមី ដែលក្រុមហ៊ុនគួរពិចារណាបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមីនៅកម្ពុជា ដោយសារតែកសិផលដំឡូងមីស្រស់ៗ អាចផ្គត់ផ្គង់បានបម្រើ ក្នុងខ្សែសង្វាក់ផលិតកម្មបានគ្រប់គ្រាន់ ជាជាងនាំដំឡូងមីទៅកាន់ប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: