រាជរដ្ឋាភិបាល ត្រៀមបើកព្រឹត្តិការណ៍ «បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព» នៅថ្ងៃទី២៩ ខែធ្នូ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព» នៅកម្ពុជា ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព» នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមជាង៤ម៉ឺននាក់។

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ បានធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ឃួង ស្រេង បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព នៅកម្ពុជា ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព» នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅលើវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយមានអ្នកចូលរួមជាង៤ម៉ឺននាក់។
លោកបន្តថា «ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងដើម្បីអបអរសាទរ នៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដំណើរទៅដោយរលូន និងជោគជ័យ»។
លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់នេះ អ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ លោកបានបញ្ជាក់ថា កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ជាមួយកងកម្លាំងមានសមត្ថកិច្ចរបស់យើង បានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឲ្យពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែយើងត្រូវដឹងថា ពួកអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទាមទារឲ្យកម្លាំងរបស់យើង មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។
លោកសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់ នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិ យុវជន មហាជន គ្រៀងចូលរួមជាង៤ម៉ឺននាក់។ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត គឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលទៅចូលរួមឲ្យបានល្អប្រសើរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





















