ព័ត៌មានជាតិ September 12, 2024

ផ្លូវទៅឃុំជីផាត ខេត្តកោះកុង រងការខូចខាតដោយសារក្រុមហ៊ុនដឹកថ្ម និងដើមអាកាស្យា, តំណាងក្រុមហ៊ុនសន្យាមុខអាជ្ញាធរ នឹងជួលជុលឡើងវិញជូនពលរដ្ឋ

Liny Chan

(កោះកុង)៖ ដោយមានការសម្របសម្រួលពីមន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ ក្រុមហ៊ុនចំនួនពីរ ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ បានសន្យាថា នឹងជួសជុលកែលម្អ ឡើងវិញនៅត្រង់ចំណុចខូចខាត លើកំណាត់ផ្លូវក្រួសក្រហម ក្នុងភូមិសាស្រ្តឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ភាពខូចខាតជាច្រើនកន្លែង លើកំណាត់ផ្លូវក្រួសក្រហម ចាប់ពីកែងផ្លូវជាតិលេខ៤៨ ទៅមូលដ្ឋានឃុំជីផាត បានកំពុងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរលំបាកធ្វើដំណើរទៅមក ពិសេសអំឡុងរដូវវស្សានេះតែម្តង។ ប្រជាពលរដ្ឋបានអះអាងថា មូលហេតុផ្លូវមួយខ្សែនេះខូចខាត ព្រោះតែការដឹកជញ្ជូនលើសទម្ងង់កំណត់ដោយក្រុមហ៊ុនដឹកគ្រួសថ្ម និងក្រុមហ៊ុនដើមអាកាស្យា តែងតែដឹកជញ្ជូនថ្ម ដើមអាកាស្យាទៅមកជារៀងរាល់ថ្ងៃ។

លោក ដក់ សុផាត តំណាងក្រុមហ៊ុនដឹកថ្មអ៊ុតធី និងលោក រតនៈ តំណាងក្រុមហ៊ុនឈើអាកាស្យា សន្យាថា ក្រុមហ៊ុនខ្លួន នឹងសហការគ្នាចុះពិនិត្យជួសជុលកែលម្អផ្លូវដែលខូចនេះឡើងវិញ ដោយមិនជំទាស់អ្វីឡើយ។ តំណាងក្រុមហ៊ុនទាំង២ សុំអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរដែលមានលំបាកធ្វើដំណើរលើកំណាត់ផ្លូវលំមួយនេះអំឡុងរដូវវស្សា។

តំណាងក្រុមហ៊ុន២ខាងលើ អះអាងថា យ៉ាងយូរ១០ថ្ងៃ បើគ្មានភ្លៀងពួកគាត់នឹងជួសជុលកំណាត់ឲ្យរួចរាល់ ដោយផ្តើមចេញផ្លូវជាតិលេខ៤៨ មកមូលដ្ឋានឃុំជីផាត។

លោក ផាន់ សុផាន់ណា អភិបាលរងស្រុកថ្មបាំង ក៏ដូចជាលោក ម៉ឹង សុភា មេឃុំជីផាត បានសម្តែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនទាំង២ខាងលើ ដែលមានទំនួលខុសត្រូវខ្ពស់ លើការជួសជុលស្ថាបនាផ្លូវក្រួសក្រហម ប្រវែងជាង១៧គីឡូម៉ែត្រ ឲ្យល្អប្រសើរឡើងវិញ ដើម្បីងាយស្រួលដឹកជញ្ជូនទិន្នផលកសិកម្មទៅកាន់ទីផ្សារ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត តាមរមណីយដ្ឋានធម្មជាតិសំខាន់ៗដែលកំពុងមាន។

លោកយល់ថា នេះជាការល្អប្រសើរណាស់ដែលក្រុមហ៊ុនទាំង២ មិនសាចទឹកដាក់គ្នា ព្រោះតែការធ្វើឲ្យផ្លូវខូចខាត។ លោកជឿជាក់ថា តំណាងក្រុមហ៊ុន នឹងពន្លឿនការជួសជុលឲ្យបានឆាប់រហ័សមុនរដូវបុណ្យភ្ជុំបិណ្ឌ មកដល់នាពេលឆាប់ៗខាងមុខ។

មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដាក់បញ្ចូលផ្លូវគ្រួសក្រហមនេះទៅក្នុងគំរោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគួរអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ ជនបទ។ គម្រោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News