លោក នេត្រ ភក្ត្រា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរី ក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស។
ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។
នៅក្នុងឱកាសនេះដែរលោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគមឱ្យមានលទ្ធភាពពង្រឹងនឹងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។
លោកក៏អំពាវនាវឱ្យមានការចូលរួមជាថវិកា ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តនិរន្តរភាព បានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុង ១ឆ្នាំម្តង សមាគមគួរបង្កើតឱ្យមានជាសមាជិករបស់សមាគម Airavata តែម្តង ដែលរួមមាន សមាជិកកាតមាស សមាជិកកាតប្រាក់ និងសមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំដើម្បីការអភិរក្សសត្វដំរីស្រុកឱ្យបានគង់វង្ស ។
រដ្ឋមន្ត្រីបានជម្រាបជូនថា បើនិយាយពីជំនឿសត្វដំរី គឺជាសត្វដែលនាំមកនូវភាពត្រជាក់ត្រជុំ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង។
លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានជម្រាបជូនពីប្រវត្តិនៃការស្រាលាញ់ និងចិញ្ចឹមសត្វដំរី នៅក្នុងជុំរំ អភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្ននេះមានចំនួន ៤ក្បាល ឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews