ព័ត៌មានជាតិ September 18, 2024

សល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ! សូមម្ចាស់អចលនទ្រព្យរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឲ្យទាន់ពេលវេលា

Liny Chan

(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ១២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

* តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។

ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យអាចឈ្វេងយល់កាន់តែច្បាស់ពីពន្ធលើអចលនទ្រព្យ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំខិត្តប័ណ្ណ ស្តីពីពន្ធលើអចលនទ្រព្យ ដែលមានការចងក្រងលម្អិតពី កម្មវត្ថុនៃពន្ធ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែងពន្ធ មូលដ្ឋានគិតពន្ធអត្រា ការគណនានិងឧទាហរណ៍ ព្រមទាំងបែបបទនិងនីតិវិធីនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះផងដែរ៕ Fresh News