Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ

    BY Liny Chan September 18, 2024
    ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌ នៅថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ

    (ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥,៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់បាន ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារសាជាថ្មី ជូនសាធារណជនឱ្យចូលទស្សនា នៅក្នុងទិវាបេតិកភណ្ឌ នាថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល។

    ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញដោយប្រវត្តិសាស្ត្រ ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។

    អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញពីការរ៉ាបែបកីឡា Breakdance កម្ពុជា។ ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូល ក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ ដំណើរកម្សាន្តអបដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស ក៏គ្រោងនឹងរៀបចំផងដែរ។

    ការទស្សនាធ្វើឡើងដោយសេរី ជាពិសេសនៅពេលព្រឹក ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន។ ចំពោះកាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់ មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើង សមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗនិងខ្លះទៀតជាស្មៅ។

    ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀត ក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១ ខែកញ្ញា ផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបើកឲ្យទស្សនាជាលើកទីមួយ, ការិយាល័យអង្គការយូណេស្កូ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ សម្រាប់ម៉ោងពេលបើកទស្សនា និងបែបបទទស្សនា ត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: