ព័ត៌មានជាតិ September 21, 2024

អបអរសាទរ! កម្ពុជា យកឈ្នះនេប៉ាល់ ៤-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U20 Asian Cup ពូល B

Liny Chan

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U20 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូល B នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China PR 2025 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U20 នេប៉ាល់ ៤-១ មុននេះបន្ដិច នៅឆាយនីសតៃប៉ិ។

ការប្រកួតដំបូង នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ីនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីគូប្រជែង ២គ្រាប់ ត្រឹម ៦នាទីដំបូង ដោយកីឡាករ ផាន វិរៈ នៅនាទីទី៣ និងកីឡាករ ភឿក ថាតថៃ នៅនាទីទី៦ មុនត្រូវបាននេប៉ាល់ វាយបកបាន ១គ្រាប់វិញ នៅចុងវគ្គទី១។

យ៉ាងណាមិញក្រុមយុវជន U20 កម្ពុជា នៅតែធ្វើបានល្អនៅវគ្គទី២ ដោយបន្ថែម ២គ្រាប់ទៀត ពីសំណាក់កីឡាករ មាន ចាន់រិទ្ធ នៅនាទី៦១ និងកីឡាករ អ៊ាវ សុវណ្ណារ៉ា នៅនាទី៨៣ ដើម្បីធានាជ័យជម្នះ និងជួយឲ្យក្រុមជម្រើសជាតិ U20 កម្ពុជា ទទួលបាន ៣ពិន្ទុពេញតែម្ដង។

ក្រោយយកឈ្នះក្រុមយុវជននេប៉ាល់ សម្រាប់ភារកិច្ចបន្ទាប់ ក្រុមយុវជន U20 កម្ពុជា នឹងត្រូវជួបក្រុមអ៊ូសបេគីស្ថាន នាថ្ងៃទី២៣-កញ្ញា មុនជួបបារ៉ែន នាថ្ងៃទី២៧-កញ្ញា និងចុងក្រោយជួបឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងទៅវគ្គបន្ដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News