ព័ត៌មានជាតិ September 26, 2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងយុត្តិធម៌ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិតនៅឬស្សីកែវ

Liny Chan

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី បានបញ្ជាបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ល្ងាចមិញនេះ ខ្ញុំឃើញមានករណីសាលាដំបូងប្រកាសសាលក្រមមួយរឿងបុកស្លាប់នៅឬស្សីកែវ ឃើញសាលាដំបូងរាជធានីភ្នំពេញចេញមកប្រកាសព័ត៌មាន ថានេះគឺជាអ្វីដែលបានដាក់ហើយ អតិបរមាដែលច្បាប់អនុញ្ញាត ឥលូវអ្នកនិស្សិតច្បាប់នៅទីនេះ ពិនិត្យមើល។ ទោះបីជាគ្រួសារសព ៤នាក់ បានដកពាក្យបណ្ដឹងរប្បវេណី ក៏មិនអនុញ្ញាតឱ្យរួចខ្លួនដែរ មិនអាចផឹកស្រវឹង បុកគេស្លាប់ហើយ ឱ្យរួចខ្លួន ដោយសារគេដកពាក្យបណ្ដឹងនោះទេ ត្រូវតែប្ដឹងឱ្យទទួលទោសជាប់ពន្ធនាគារ។ ការកាត់នេះ សលាដំបូងរាជធានីបានពន្យល់ថា រឿងហ្នឹងដាក់អស់ហើយ​ទៅតាមច្បាប់អនុញ្ញាត ខ្ញុំថាឥលូវអ៉ីចេះ ក្រសួងយុត្តិធម៌ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ឱ្យគោលការណ៍ទៅព្រះរាជាអជ្ញាអមសាលាឧទ្ធរណ៍ ប្ដឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយ ឬ នៅ? ព្រោះបុកដល់ទៅ ៤នាក់ឯណោះ ។ តើច្បាប់យើងមានទម្ងន់គ្រប់គ្រាន់ ឬនៅ ព្រោះជាសារៈសំខាន់ណាស់ សំរាប់អ្នកដែលប្រព្រឹត្ត អ៉ីចឹងកិច្ចការងារនេះត្រូវពិនិត្យឡើងវិញ អ៉ីចឹងសូមឯកឧត្តម កើត រិទ្ធ ប្រគល់ភារកិច្ចជូន អគ្គព្រះរាជអជ្ញាអមសាលាឧទ្ធរណ៍ប្ដឹងទៅឧទ្ធរណ៍ឱ្យពិនិត្យមើលថា ការសម្រេចនេះ មានទម្ងន់គ្រប់គ្រាន់ តាមច្បាប់ជាធរមាន ឬ នៅ? ព្រោះរឿងនេះវាប៉ះពាល់ច្រើនណាស់ ហើយជាគំរូទៅអ្នកបើកបរក្នុងពេលស្រវឹងផ្សេងទៀត កុំឱ្យប៉ះពាល់ទៅថ្ងៃក្រោយ »៕

អត្ថបទ៖ លីនី