Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ថវិកាជិត ១៧ម៉ឺនដុល្លារ ត្រូវបានចាក់បញ្ចូលនៅក្នុងសហគមន៍អណ្តូងក្រឡឹង តាមរយៈការទស្សនាសត្វថ្ពាល់លឿង និងអេកូទេសចរណ៍ធម្មជាតិ

    BY Liny Chan September 27, 2024
    ថវិកាជិត ១៧ម៉ឺនដុល្លារ ត្រូវបានចាក់បញ្ចូលនៅក្នុងសហគមន៍អណ្តូងក្រឡឹង តាមរយៈការទស្សនាសត្វថ្ពាល់លឿង និងអេកូទេសចរណ៍ធម្មជាតិ

    (មណ្ឌលគិរី)៖ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០គីឡូម៉ែត្រ ចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។

    ជាមួយនឹងសក្តានុពលធម្មជាតិដ៏សម្បូរបែបនេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។

    នៅក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI ក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ អណ្តូងក្រឡឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុប ប្រមាណ ២,៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ ១៦៩,៥៩៤ដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ។

    បើតាមលោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍នៅគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp របស់អង្គការ WCS បាននិយាយថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរចូលមើលសត្វស្លាប ក្នុងឆ្នាំ២០២២។

    លោកបញ្ជាក់ថា៖ «យើងបានសាងសង់កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋាន ខ្ទមស្នាក់នៅចំនួន៣ និងមជ្ឈមណ្ឌលស្រាវជ្រាវមួយដែលបើកឱ្យនិស្សិតស្រាវជ្រាវទាំងក្នុងស្រុក និងអន្តរជាតិ»

    គួរឱ្យដឹងថាលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ បានលើកឡើងថា គម្រោងលំហែបៃតង ដែលជាការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន បានជួយបង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខណៈព្រៃឈើធម្មជាតិក៏ទទួលបានកិច្ចការពារពីប្រជាសហគមន៍ និងមន្រ្តីពាក់ព័ន្ធផងដែរ។

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងលំហែបៃតង បានធ្វើឱ្យប្រជាសហគមន៍ ក្លាយជាសហគ្រិនភាព មានប្រាក់ចំណូលជាប្រចាំពីការផ្ដល់សេវាកម្មនៅតាមមូលដ្ឋាន ដែលរួមមាន៖ សេវាកម្មទេសចរណ៍ធម្មជាតិ ការផ្ដល់សេវាស្នាក់នៅ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរ ដើម្បីឱ្យប្រជាសហគមន៍ មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍដោយមានការចូលរួមពីប្រជាសហគមន៍ និងមានភាពសុខដុមរមនា នៅក្នុងសហគមន៍។ 

    បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមិនត្រឹមតែជាដែនជម្រកសត្វព្រៃមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។

    យោងតាមរបាយការណ៍របស់អង្គការ WCS បានឱ្យដឹងថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយក៏ជំរំ ទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរ មើលសត្វស្លាបក្នុងឆ្នាំ២០២២។ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារនៅតែបន្តជាពិសេសផ្នែកមគ្គទេសក៍ ប្រតិបត្តិការ ចម្អិនអាហារ និងការរៀបចំបន្ទប់។ អង្គការ WCS បានផ្ដល់មូលនិធិគាំទ្រការលើកកម្ពស់ការពង្រីកសហគមន៍អេកូទេសចរណ៍ «ជំរំទោច» រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (មជ្ឈមណ្ឌលស្រាវជ្រាវ កន្លែងស្នាក់នៅថ្មីសម្រាប់ភ្ញៀវ និងបរិក្ខារផ្សេងៗទៀត)។

    អង្គការ WCS ក៏បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីចុះពិនិត្យទីតាំងគោលដៅបៃតង កន្លែងថ្មីទៀតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាសម្រាប់បង្កើតជាសហគមន៍អេកូទេសចរណ៍រួមមាន៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅនៅភូមិអណ្តូងក្រឡឹង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ជីអាំងនៅភូមិពូញ៉ាវ។ ចំពោះការបង្កើតសហគមន៍អេកូទេសចរណ៍ឡែងកៅ គម្រោងរេដបូកកែវសីមា បានគាំទ្រដល់ការដោះស្រាយវិវាទ និងបោះបង្គោលព្រំ ការងារកែលម្អផ្លូវចេញចូលទៅទឹកធ្លាក់ទាំងបីជាន់ សង់ប្រព័ន្ធលូ បន្ទប់ទឹក ជណ្តើរ ស្លាកសញ្ញា ផ្តល់វគ្គបណ្តុះបណ្តាល អំពីការចម្អិនម្ហូប វិធីសាស្ត្រនាំភ្ញៀវ ការរៀបចំភេសជ្ជៈ និងការជ្រើសរើសសមាជិកក្រុម។

    យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១,២០០ក្បាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: