ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពអ្វីកើតឡើងឡើយ ខណៈបេក្ខជនអវត្តមានសរុប ២១២២នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅព្រឹកថ្ងៃទី១ ត្រូវនឹងព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។
ក្រសួងបញ្ជាក់ទៀតថា ព័ត៌មានសរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន ១៧១០ នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ១៤ នាក់ ក្នុងនោះបេក្ខជន ៤នាក់ ត្រូវបានដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក។ បេក្ខជនរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤ នាក់ និងបានទទួលការសម្របសម្រួលពីអាជ្ញាធរ ដើម្បីបានមកចូលប្រឡង។ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២នាក់ និងបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យប្រចាំមណ្ឌល។
ក្រសួងបន្ថែមទៀតថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



