ព័ត៌មានជាតិ October 16, 2024

ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក Gulfstream ចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា

Liny Chan

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។

លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជន ឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។
បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News