ព័ត៌មានជាតិ October 18, 2024

ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជិត ៣២ម៉ឺននាក់ ក្នុងពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា

Liny Chan

(ភ្នំពេញ)៖ តាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា អមជាមួយការប្រគំតន្រ្ដី និងតាំងពិព័រណ៍ ដែលបានធ្វើឡើងនៅក្រុងកំពង់ចាម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមទស្សនា ៣១៨,៩៧៥នាក់ និងភ្ញៀវទេសចរបរទេស ១០៦នាក់។

លោកអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា «នៅក្នុងថ្ងៃនៃការរៀបចំប្រគំតន្រ្ដី និងតាំងពិព័រណ៍ អបអរសាទរពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន ៣១៨,៩៧៥នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន១០៦នាក់»។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាមនេះ ក៏មានការអញ្ជើញជាអធិបតីពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

លោករដ្ឋមន្ត្រី ហួត ហាក់ បានចាត់ទុកពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនៅខេត្តកំពង់ចាមនេះ ជាការចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរ និងមួយផ្នែកទៀតជាការរួមចំណែកក្នុងការផ្សព្វផ្សាយ ជំរុញនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យមកកម្សាន្ត និងទស្សនានៅខេត្តកំពង់ចាម ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News