រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន
(ហឺណាន)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)។

ពិធីបើកព្រឹត្តិការណ៍នេះមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ១២០០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ៣ម៉ឺននាក់។
ដូច្នេះតាមរយៈព្រឹត្តិការណ៍អន្តរជាតិលំដាប់ពិភពលោកនេះ លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews








