Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ក្រុម U17 កម្ពុជា យកឈ្នះម៉ាកាវ ១-០ ដើម្បីឈរកំពូលតារាង នៃវគ្គជម្រុះពាន AFC U17 Asian Cup បណ្ដោះអាសន្ន

    BY Liny Chan October 22, 2024
    អបអរសាទរ! ក្រុម U17 កម្ពុជា យកឈ្នះម៉ាកាវ ១-០ ដើម្បីឈរកំពូលតារាង នៃវគ្គជម្រុះពាន AFC U17 Asian Cup បណ្ដោះអាសន្ន

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមយុវជន U117 ម៉ាកាវ ១-០ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី (AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នៅរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

    ការប្រកួតទី២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុម U17 ម៉ាកាវ ១-០ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ពៅ ពីមករា នៅនាទី១៦។ ចូលវគ្គទី២ ម្ចាស់ផ្ទះកម្ពុជា នៅតែព្យាយាមដាក់សម្ពាធ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។

    ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា នាំមុខក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ដែលទើបយកឈ្នះក្រុម U17 ហ្វីលីពីន ៨-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន កាលពីល្ងាចមិញ ដែលនាំឲ្យអាហ្វហ្គានីស្ថាន រកបាន ៣ពិន្ទុស្មើហ្វីលីពីន។

    ទោះបីម្ចាស់ផ្ទះកម្ពុជា ឡើងឈរកំពូលតារាង តែឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ នៅមិនទាន់អាចសន្មត់បានឡើយ ដ្បិតនៅសល់ ២ប្រកួតទៀត ដោយត្រូវប្រឈមជាមួយក្រុមសុទ្ធតែខ្លាំងៗ ពោលគឺត្រូវជួបក្រុម U17 អាហ្វហ្គានីស្ថាន នាថ្ងៃទី២៥ ខែតុលា និងត្រូវជួបក្រុម U17 ហ្វីលីពីន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គបន្ដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: