ព័ត៌មានជាតិ October 24, 2024

ក្រសួងការងារ អំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិ នៅចុងសប្តាហ៍នេះ

Liny Chan

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។

លោក កត្តា អ៊ន បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែងផងដែរ។

លោករដ្ឋលេខាធិការ បានបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។ សិស្សានុសិស្ស យុវជន យុវនារី សូមទៅសិក្សាស្វែងយល់ពីឱកាសការងារ និងស្រូបយកចំណេះដឹងពី ពិព័រណ៍ប្រចាំឆ្នាំដ៏សំខាន់មួយនេះ។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានបន្តថា យុវជន យុវជននារី សិស្ស និស្សិត និងសាធារណជន សូមទៅចូលរួមឱ្យបានច្រើនកុះករ ក្នុងនោះយុវជននឹងអាចដាក់ប្រវត្តិរូបការងារ ហើយធ្វើការសម្ភាសន៍ភ្លាមៗពីសំណាក់ក្រុមហ៊ុនឯកជននៅនិងកន្លែងពិព័រណ៍ផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី ការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

សូមជម្រាបដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕ ផ្ដល់សិទ្ធិដោយ៖ Fresh News