ព័ត៌មានជាតិ October 25, 2024

ស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងចាប់ផ្តើមជាមួយឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង

Liny Chan

(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺនកន្លែង។

លោក ជឹម ប៉ូលី អនុប្រធានធនាគារកាណាឌីយ៉ា លើកឡើងថា កាណាឌីយ៉ា តែងតែចូលរួមឧបត្ថមធំជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ពិព័រណ៌ការងារថ្នាក់ជាតិនេះ ព្រោះថាកាណាឌីយ៉ា មានការរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការកម្លាំងពលកម្មក៏មានតម្រូវការក៏តាមនោះដែរ។ លោកបានឱ្យដឹងថាជាក់ស្តែងកាលពីឆ្នាំ២០២៣ កន្លងទៅក្នុងរយៈពេលពីរថ្ងៃ យើងទទួលបានអ្នកមកទស្សនាបញ្ជររបស់យើងរាប់ពាន់នាក់ ហើយក្នុងនោះយើងទទួលបានអ្នកដាក់ពាក្យធ្វើការជាមួយយើងជិត១ពាន់នាក់ ដោយឡែកអ្នកទទួលបានឱកាសការងារជាមួយយើងរាប់រយនាក់ ជាក់ស្តែងបច្ចុប្បន្ននេះពួកគេកំពុងតែបំពេញការងារជាមួយយើង។ លោកអនុប្រធានរូបនេះ ក៏បានអំពាវនាវដល់សាធារណៈជន សិស្ស/និស្សិត សូមត្រៀមខ្លួន និងត្រៀមប្រវត្តិរូបឱ្យបានល្អ ដើម្បីទទួលយកឱកាសការងាររាប់រយកន្លែងជាមួយធនាគារកាណាឌីយ៉ា ។

លោក សាយ រតនៈ ប្រធានជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិករបស់ក្រុមហ៊ុន RMA បានចាត់ទុកព្រឹតិ្តការណ៍ពិព័រណ៌ការងារ និងផលិតភាពជាតិ គឺជាព្រឹត្តិការណ៍ជួបជុំរវាងនិយោជក និងនិយោជិតដ៏ធំជាងគេប្រចាំឆ្នាំដែលសិស្ស/និស្សិត អ្នកកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូការងារមិនគួរមើលរំលងនោះទេ។ លោកបញ្ជាក់ឱ្យដឹងទៀតថា NEA គឺជាដៃគូយ៉ាងសំខាន់របស់ RMA ក្នុងការសហការជ្រើសរើសបុគ្គលិកកន្លងមក រយៈពេល២ថ្ងៃ RMA បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវឱកាសការងាររាប់រយកន្លែង នឹងគ្រប់តួនាទីដល់អ្នកស្វែងរក ឬចង់ផ្លាស់ប្តូរការងារ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ CoolApp លេខ 077 23 23 78, និងលេខទូរស័ព្ទ 017 467 423 ឬ លេខ Hotline របស់ក្រសួងការងារ 1297 ឬ 1286៕ ផ្ដល់សិទ្ធិដោយ៖ Fresh News