អង្ករកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនអឺរ៉ុប បន្ទាប់ពីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅបារាំង
(ភ្នំពេញ)៖ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលតាំងបង្ហាញពីផលិតផលអង្ករកម្ពុជា នៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris ឆ្នាំ២០២៤នេះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនមកពីជុំវិញពិភពលោក ជាពិសេស អតិថិជននៅទ្វីបអឺរ៉ុប ខណៈអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដែលបាននាំចូលអង្ករពីកម្ពុជា ជាង ៥១% នៃការនាំចេញសរុបរបស់កម្ពុជា។
ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករតាមរយៈការចូលរួមគាំទ្ររបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ Feed the Future Cambodia Harvest III សមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១២ក្រុមហ៊ុនបាននាំយកនូវផលិតផលអង្ករដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោកទៅចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ឆ្នាំ២០២៤ នេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាទំហំ ៨០ម៉ែត្រការ៉េ ដែលស្ថិតនៅអាគារលេខ (Hall) ទី៨ ស្តង់លេខ (Stand) #8B025 តំបន់ Paris Nord Villepinte នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី០១ នៅក្នុងឆ្នាំ២០១៤។
កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចំនួន ៧.៨០០ ក្រុមហ៊ុន មកពី១៣០ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០.០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ។ល។ និងមានអ្នកទស្សនាអាជីពចំនួន (Trade Visitor) ២៨៥.០០០នាក់ មកពីជាង ២០០ប្រទេស ហើយក្នុងនោះក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិធំៗ (Top Buyer) ចំនួនជាង ៨.០០០ ក្រុមហ៊ុន ដែលមានសមត្ថភាពទិញ (Purchasing Power) ក្នុងទំហំទឹកប្រាក់ ៥០កោដអឺរ៉ូ (50 Billion Euro) ក៏បានចូលរួមផងដែរ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារអឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់សម្រាប់កម្ពុជា ដែលជាក់ស្តែងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាន នាំចេញអង្ករទៅកាន់ប្រទេសចំនួន២៦ នៅក្នុងទ្វីបអឺរ៉ុបបានចំនួន ២២៨.៧៣១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ឬ ជាង ៥១% នៃការនាំចេញសរុប ហើយក្នុងនោះប្រទេសបារាំងបានឈរនូវលំដាប់លេខរៀងទី១ ក្នុងចំណោមក្រុមហ៊ុននាំចេញចំនួន ៥៤ ដែលមានបរិមាណនាំចេញចំនួន ៧០.២២៧ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៥លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុននាំចេញទាំង១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖
១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក
៣. ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី
៤. ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី
៦. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
៧. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៨. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៩. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
១០. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប
១១. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន
១២. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណសារជាថ្មីជូនដល់សមាជិកទាំង ១២ក្រុមហ៊ុន ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការតាំងបង្ហាញ និងពន្យល់ដល់ភ្ញៀវអន្តរជាតិអំពីសក្តានុពលអង្ករកម្ពុជាក៏ដូចជាភាពរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News