កម្ពុជាបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែម នៅទូទាំងប្រទេស ដើម្បីការពារកុមារជាង ១.៥លាននាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែ មនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១.៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ដែលព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
យុទ្ធនាការនេះបានដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។
ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារ ទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះយុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។
នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បង ដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំ ក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។
ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងប្រឈមនឹងភាពងាយរងគ្រោះនៃការឆ្លងរីករាលដាលជំងឺកញ្ជ្រឹល ស្អូចនេះ ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនអន្តោប្រវេសន៍ ប្រជាជនចល័ត និងសហគមន៍នៅតាមតំបន់ព្រំដែន។ យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងសហការរួមគ្នាដើម្បីធានាបានថា អត្រាការគ្របដណ្តប់វ៉ាក់សាំងខ្ពស់ ដើម្បីការពារកុមារទាំងអស់ទូរទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។
លោកសាស្រ្តាចារ្យ បានបន្ថែមទៀតថា «អំឡុងពេលយុទ្ធនាការផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយខ្ញុំជឿជាក់ថាក្នុងយុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាលនឹងបន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើយ៉ាងណាការផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេសកុមារដែលរស់នៅតំបន់រងហានិភ័យខ្ពស់ និងកន្លែងដែលពិបាកទៅដល់ដូចជា កុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នករស់នៅក្នុងសហគមន៍ដាច់ស្រយាលនៅតាមជនបទ កុមារតូចៗជនជាតិភាគតិច និងកុមារអន្តោប្រវេសន៍»។
តាមការប៉ាន់ប្រមាណអត្រាគ្របដណ្តប់ផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច នៅថ្នាក់ជាតិរបស់អង្គការសុខភាពពិភពលោក និងអង្គការមូលនិធិសម្រាប់កុមារនៃអង្គការ សហប្រជាជាតិ (WUENIC) បានបង្ហាញថា នៅប្រទេសកម្ពុជា អត្រាគ្របដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចដូសទីមួយ (MR1) មាន៧៩% និងអត្រាគ្របដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចដូសទីពីរមានតែ ៦៤% ប៉ុណ្ណោះ នៅឆ្នាំ២០២៣។
ដែលទិន្នន័យនេះបង្ហាញថា អត្រាគ្របដណ្តបវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចគឺស្ថិតនៅកម្រិតក្រោមតម្រូវការ សម្រាប់ការបង្ការការផ្ទុះរាលដាលជំងឺកញ្ជ្រឹល ស្អូច និងការជៀសវាងការស្លាប់ ដោយសារជំងឺកញ្ជ្រឹល ស្អូច នៅឡើយ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា «ការផ្តល់ថ្នាំបង្ការ គឺជាការងារនាំមុខមួយក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីការពារកុមារដែលខ្វះខាតបំផុត។ តាមរយៈបទពិសោធន៍នេះ យើងបានដឹងថាការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន គឺជាគន្លឹះមួយដ៏សំខាន់ក្នុងការធ្វើឱ្យប្រាកដថា ឪពុកម្តាយ និងអ្នកថែទាំនាំកុមារបាននាំកុមារ ទៅទទួលថ្នាំបង្ការដែលនៅប៉ុស្តិ៍ផ្តល់ថ្នាំបង្ការនៅជិតបំផុត។ តាមរយៈការគាំទ្រយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែមនេះ យើងសង្ឃឹមថា យើងនឹងចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីលើកកម្ពស់និរន្តរភាពនៃសេវាផ្តល់ថ្នាំបង្ការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់កុមារទាំងអស់។
យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែមនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាព ដោយអង្គការសុខភាពពិភពលោក (WHO)។ វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចនេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ ដែលអាចការពារកុមារទូទាំងពិភពលោកអស់រយៈពេលជាង៥0ឆ្នាំមកហើយ ព្រមទាំងអាចរកបាននៅគ្រប់មណ្ឌលសុខភាពទាំងអស់។
កុមារទាំងអស់ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ រួមទាំងកុមារដែលធ្លាប់កើតជំងឺកញ្ជ្រឹល ឬកុមារដែលបានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចពីមុនក៍ដោយ ត្រូវបានលើកទឹកចិត្តឱ្យទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ចំនួនមួយដូសបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសន្តិសុខដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ និងការឆ្ពោះទៅអនាគតដែលគ្មានជំងឺកញ្ជ្រឹល។
យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយនឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News