ព័ត៌មានជាតិ November 5, 2024

ធនាគារជាតិ និងក្រសួងពាណិជ្ជកម្ម ប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា

Liny Chan

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នា ដោយប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុង ការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ការប្រើប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូ សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹង អត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News