Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Apple ជាក្រុមហ៊ុនឈានមុខគេនាំចេញ Tablet បានច្រើនបំផុតរហូតដល់ ១២.៦លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ២០២៤

    BY Liny Chan November 5, 2024
    Apple ជាក្រុមហ៊ុនឈានមុខគេនាំចេញ Tablet បានច្រើនបំផុតរហូតដល់ ១២.៦លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ២០២៤

    (បរទេស)៖ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ទីផ្សារថេប្លេតពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ខែ កញ្ញា) ឆ្នាំ២០២៤ ជាមួយនឹងការនាំចេញកើនឡើង ២០.៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ សរុបចំនួន ៣៩.៦ លានគ្រឿងត្រូវបាននាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

    យោងតាមតារាងទិន្នន័យ បានបង្ហាញថា Apple ឈរនៅតំណែងកំពូលជាក្រុមហ៊ុនដែលលក់ថេប្លេតបានច្រើនជាងគេបំផុតចំនួន ១២.៦លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ៣១.៧ភាគរយនៃទីផ្សារពិភពលោក។ ងាកមក Samsung វិញបានរក្សាចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញថេប្លេតបានចំនួន ៧.១លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ១៧.៩ភាគរយផងដែរ។ Amazon ឈរនៅលេខរៀងទី៣ ជាមួយនឹងការនាំចេញ ៤.៦លានគ្រឿង និងទទួលបានចំណែកទីផ្សារ ១១.៦ភាគរយ។ សម្រាប់ក្រុមហ៊ុនចិន Huawei វិញបានឈរនៅលេខរៀងទី៤ ជាមួយការនាំចេញ ៣.៣លានគ្រឿង និង Lenovo ឈរនៅលេខរៀងទី៥ ជាមួយនឹងការនាំចេញ ៣លានគ្រឿង។ សរុបការនាំចេញថេប្លេតទាំងអស់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នៅទូទាំងពិភពលោកមានចំនួនសរុប ៣៩.៦លានគ្រឿង។

    គួរជម្រាបថា ការកើនឡើងនេះត្រូវបានជម្រុញដោយការលក់ខ្លាំងពីក្រុមហ៊ុន Apple ម៉ូដែលមធ្យម iPad Air ថ្មី ខណៈ iPad Pro ត្រូវបានរាយការណ៍ថា ដំណើរការទាបជាងការរំពឹងទុកដោយសារតែតម្លៃខ្ពស់ពេក។ ដោយឡែកចំពោះការលក់របស់ Samsung វិញមិនខុសអីពី Apple នោះទេ ត្រូវបានជម្រុញដោយថេប្លេតម្លៃមធ្យម Galaxy Tab A9៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: