Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនជនជាតិឡាវម្នាក់ រឹបអូសសារធាតុខុសច្បាប់ជាង ១លានគ្រាប់ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង

    BY Liny Chan November 12, 2024
    ចាប់ខ្លួនជនជាតិឡាវម្នាក់ រឹបអូសសារធាតុខុសច្បាប់ជាង ១លានគ្រាប់ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង

    (ស្ទឹងត្រែង)៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ១លានគ្រាប់ បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់រថយន្ត ១គ្រឿងធ្វើការត្រួតពិនិត្យ នាវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា – ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ ។

    ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលនោះ ឈ្មោះ វូ យ៉េង (VUE YENG) ភេទប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P 1859439 រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូក្រាម និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់ រថយន្ត១គ្រឿងម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ ប្រទេសឡាវ ១១១៥ និងទូរសព្ទចំនួន ៣គ្រឿងផងដែរ។

    ក្រោយការត្រួតពិនិត្យរកឃើញគ្រឿងញៀននោះភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងការចាប់ដកហូតយកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: