ព័ត៌មានជាតិ December 1, 2024

ព័ត៌មានលម្អិត៖ ដុតភ្លេីងធ្វេីអត្តឃាត នៅខណ្ឌទួលគោក បណ្តាលឲ្យបាត់បង់ជីវិតបុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់, នគរបាលប្រើប្រាស់រថយន្ត ១០គ្រឿងដើម្បីបាញ់ពន្លត់

Nisaiy KP

(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់ បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន ដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មេីរនឹង ៤០ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន ០១បន្ទប់ រួមមានកង់ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសជនជាតិបារាំងម្នាក់បាត់បង់ជីវិត និងមនុស្សស្រីជនជាតិខ្មែរម្នាក់បាត់បង់ជីវិត រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews