Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្ត្រី គន់ គីម ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

    BY Nisaiy KP January 5, 2025
    ទេសរដ្ឋមន្ត្រី គន់ គីម ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

    (កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

    អតីតយុទ្ធជនកម្ពុជាទាំងនេះ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង និងផ្ទៃដីចំនួន១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត៤,០០០គ្រួសារ ហើយចំពោះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាចំនួន២៤៦គ្រួសារ ត្រូវបានសាងសង់ផ្ទះជូនគាត់បានរួចរាល់នៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត ។ ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីនិងគ្មានផ្ទះឬរស់នៅលើដីសាធារណៈ ចំនួន ១៤១គ្រួសារ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនគាត់បានរួចរាល់ផងដែរ នឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ កាលពីជាង៣ឆ្នាំកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។  បច្ចុប្បន្ននេះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន ៦៥គ្រួសារថ្មីទៀត ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បាននិងកំពុងដំណើរការសាងសង់ផ្ទះ និងប្រគល់ដីសម្បទានសង្គមកិច្ចមួយហិកតា ក្នុងមួយគ្រួសារ ជូនគាត់ដេីម្បីរស់នៅកសាងជីវភាពថ្មី  ។

    ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញមានសមត្ថកិច្ច រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដោះស្រាយដីសម្បទានសង្គមកិច្ច និងសហការសម្របសម្រួលក្នុងការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នងថ្មីទៀត ដើម្បីផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងមានការខ្វះខាត និងបានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបម្រើដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។

    ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វកសាងជីវភាពរស់នៅថ្មី ឲ្យបានល្អប្រសើរ ឆ្លើយតបចំពោះការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវ ដែលសម្ដេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជីវភាពរស់នៅបងប្អូនអតីតយុទ្ធជន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: