ក្មេងទំនើង ២ក្រុមដេញកា.ប់គ្នា ហើយបង្ហោះក្នុង TikTok ត្រូវសមត្ថកិច្ចស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្ក្រាប
(កំពង់ស្ពឺ)៖ ក្មេងទំនើងអាវ៉ាសែចំនួន ២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាក្នុងសាលា ហើយបង្ហោះក្នុង TikTok ថែមទៀត ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ចុះឃាត់ខ្លួនបាន១ក្រុម និងត្រៀមក្របួចយក១ក្រុមទៀត។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ប្រជាពលរដ្ឋបានរាយការណ៍មានក្មេងទំនើង២ក្រុម ក្រោយទទួលបានព័ត៌មាននគរបាលប៉ុស្ដិ៍ ក្រាំងដីវ៉ាយ បានទៅកន្លែងកើតហេតុ និងបានឃាត់ក្មេងទំនើងក្រុមទី១បានចំនួន៤នាក់មកសួរនាំ រួមមាន៖
*ទី១៖ ឈ្មោះ ឈន ចាន់ណា អាយុ១៥ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (កាន់កាំបិតផ្គាក់)
*ទី២៖ ឈ្មោះ សាវ រតនា អាយុ១៦ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ (កាន់កាំបិតបន្ទោសថតវីដេអូលេង តែរកកាំបិតមិនឃើញ)
*ទី៣៖ ឈ្មោះ រ៉ុន ចំរើន (ហៅគីល) អាយុ១៤ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច
*ទី៤៖ ឈ្មោះ ឈឿន រដ្ឋណាក់ អាយុ១៥ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ក្រោយសាកសួរក្រុមទី១ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់គ្នានៅក្នុងសាលាពិតប្រាដកមែនជាមួយក្រុមទី២ រួមមាន៖
*ទី១៖ ឈ្មោះ លាប វិសាល អាយុ១៦ឆ្នាំ នៅភូមិព្រៃកាហៀច ឃុំក្រាំងដីវ៉ាយ (កាន់ដំបង និងមួកសុវត្ថិភាព)
*ទី២៖ ឈ្មោះ ធាន នៅភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ កាន់មួកសុវត្ថិភាព)
*ទី៣៖ ឈ្មោះ ប៉ុន ពន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច, ក្រុមទី២បានគេចខ្លួនអស់។
ករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនក្មេងទំនើងទាំង៤នាក់ រួមនិងវត្ថុតាងទៅស្នងការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

