ព័ត៌មានជាតិ January 7, 2025

៥ថ្ងៃ! កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៣០នាក់ ពាក់ព័ន្ធបទល្មើសលួច, កាប់ប្លន់ និងហិង្សា សរុប១៣ករណី

Liny Chan

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃមកនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះ បានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមករា ក្នុងនោះរួមមាន៖

*ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់២ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង) និងហិង្សាដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)
*ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់
*ទី៣៖ ខណ្ឌទួលគោក​ ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
*ទី៤៖ ខណ្ឌដូនពេញ​ ចំនួន១ករណីលួច ឃាត់ខ្លួន៥នាក់
*ទី៥៖ ខណ្ឌសែនសុខ ចំនួន១ករណី​លួច ឃាត់ខ្លួនម្នាក់
*ទី៦៖ ខណ្ឌពោធិសែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់ និងលួច១ករណី ឃាត់ខ្លួនម្នាក់
*ទី៧៖ ខណ្ឌ៧មករា ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
*ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិង្សា និងកាប់ប្លន់ម៉ូតូ១ករណី ឃាត់ខ្លួន១០នាក់ (ក្មេងទំនើង TEAM៩៨លូ៥)។

ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ក្រុមជនសង្ស័យទាំងអស់នេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News