ព័ត៌មានជាតិ January 14, 2025

ដីព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាង២០ហិកតា ត្រូវបានគេកាប់ទន្ទ្រាន

Liny Chan

(រតនគិរី)៖ ដីព្រៃដែលជាប្រភេទដីព្រៃស្រោងទំហំជាង ២០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេលួចកាប់ទន្ទ្រាន។

យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករងស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្រ្តភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅចំណុចអូរតោល និយាមកា ៦៨៣៣៤៣-១៥២០០៧៦ ទំហំផ្ទៃដីប្រហែល៥ហិកតា

ទីតាំងទី២ ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមកា ៦៨៣៩៩៤-១៥១៩៩៧៦ ទំហំផ្ទៃដីប្រហែល ១៧ហិកតា។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។

របាយការណ៍ បានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដាន ឃ្លាំមើល និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News