សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យមន្ដ្រីស៉ីម៉ាក់ ដែលពលីនៅពេលបំពេញការងារ
(ឧត្តរមានជ័យ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងពេលជួបជាមួយក្រុមគ្រួសារនៃសព នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក មែ ស៉ីថន បាននាំនូវប្រសាសន៍ផ្តាំផ្ញើផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារនៅក្នុងឧបទ្ទវហេតុនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សាររបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបរាប់ថា «យើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មបាត់បង់កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់រូបនេះ។ សូមមេត្តាទទួលយកនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមរបស់យើងខ្ញុំ។ យើងទាំងអស់ នឹងចងចាំជានិច្ចនូវសេចក្តីក្លាហាន និងការពលីលះបង់របស់កូនប្រុស ឪពុក បងប្អូនប្រុស នៅក្នុងបុព្វហេតុធានាសុខសុវត្ថិភាពជូនប្រជាជនយើង។ កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់របស់អ្នក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា ជារៀងរហូត»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



