Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    «ឃុំម្លូព្រៃមួយ» ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, លោក អ៊ុក គឹមសាន ថ្លែងអំណរគុណពលរដ្ឋ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកកសាងបង្គន់អនាម័យ

    BY Naren January 18, 2025
    «ឃុំម្លូព្រៃមួយ» ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, លោក អ៊ុក គឹមសាន ថ្លែងអំណរគុណពលរដ្ឋ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកកសាងបង្គន់អនាម័យ

    (ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការទស្សនៈពិភពលោក ដែលបាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

    ការថ្លែងរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចុលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងអង្គការទស្សនៈពិភពលោក និងក្រុមប្រឹក្សាឃុំម្លូរព្រៃមួយ អាជ្ញាធរស្រុកឆែប ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត បានចូលរួមប្រកាសអបអរសាទរ «ឃុំម្លូព្រៃមួយ» ទទួលបានជ័យលាភីជាឃុំបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ។

    លោក អ៊ុក គឹមសាន បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំម្លូរព្រៃមួយ ដែលត្រូវបានគណៈកម្មាការបានវាយតម្លៃទទួលស្គាល់ជាផ្លូវការ ក្លាយជាឃុំគំរូក្នុងស្រុកឆែប ជាឃុំសម្រេចបានការបញ្ចប់ «បន្ទោបង់ពាសវាលពាសកាល» ODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះ។

    លោក អ៊ុក គឹមសាន ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ ពីកត្តាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺដោយសារការលះបង់គ្រប់បែបយ៉ាងទាំងអាយុជិវិត របស់ឥស្សរជនជាន់ខ្ពស់ស្នេហាជាតិរបស់យើង ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលលោកបានលះបង់គ្រប់បែបយ៉ាង។

    ដោយសារសុខសន្តិភាពនេះហើយ ទើបធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ ដូចជាខេត្តព្រះវិហាររបស់យើងជាដើម ដោយយើងមានផ្លូវស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម ភ្លើងអគ្គិសនី មានទំនប់ទឹក ដើម្បីជួយទំនើបកម្មលើវិស័យកសិកម្ម និងការស្រោចស្រពរបស់ប្រជាពលរដ្ឋថែមទៀតផង។

    លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឱ្យកាន់តែផុលផុសថែមទៀត ដោយផ្តើមចេញពីខ្លួនឯង ក្រុមគ្រួសារ សហគមន៍ ក្នុងការធ្វើការផ្លាស់ប្តូរទម្លាប់ ពីការបន្ទោបង់ ពាសវាលពាសកាល មកសាងសង់បង្គន់អនាម័យប្រើប្រាស់ ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ ព្រមទាំងជួយណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លូន ដើម្បីទទួលបានភាពរីកចម្រើន ប្រកបដោយសុខមាលភាពទាំងអស់គ្នា។

    បើតាមលោក ម៉ប់ ធិរិត បានថ្លែងឲ្យដឹងថា សម្រាប់ឃុំម្លូរព្រៃមួយ នៃស្រុកឆែប គឺជាឃុំទី៩ នៅក្នុងខេត្តព្រះវិហារ ដែលសម្រេចទទួលបាននូវជ័យលាភី ក្នុងការបញ្ចប់បន្ទោបង់ពាសវាលពាសកាល របស់បងប្អូន ប្រជាពលរដ្ឋយើងរស់នៅជនបទ បានចូលរួមសម្រេចODF។

    លោកបានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះនៅទូទាំងខេត្តព្រះវិហារ យើងសម្រេចបានឃុំ ODFចំនួន៩ឃុំ នៃ៥១ឃុំ សង្កាត់ ហើយនៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ ខេត្តព្រះវិហារ គ្រោងជាខេត្តបញ្ចប់បន្ទោបង់ពាសវាលពាសកាលទាំងស្រុង៕ ផ្តល់សិទ្ធិដោយ Fresh News

    Share This Post: