Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អនុប្រធានាធិបតីចិនជួបជាមួយ Elon Musk មុនពេលលោក Trump ចូលកាន់តំណែង

    BY Liny Chan January 20, 2025
    អនុប្រធានាធិបតីចិនជួបជាមួយ Elon Musk មុនពេលលោក Trump ចូលកាន់តំណែង

    (បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា អនុប្រធានាធិបតីចិនលោក Han Zheng នៅថ្ងៃអាទិត្យបានជួបជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk និងសមាជិកដទៃទៀតនៃសហគមន៍ធុរកិច្ចអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (Washington D.C) មុនពេលពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

    លោក Han បានប្រាប់​ Musk ថាលោក «ស្វាគមន៍ក្រុមហ៊ុន Tesla និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ដើម្បីចាប់យកឱកាស និងចែករំលែកនៅក្នុងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេសចិន និងរួមចំណែកដល់កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក»។ ទន្ទឹមនឹងជំនួបនេះ ត្រូវបានគេមើលឃើញថាមាន​សារសំខាន់​ព្រោះ​វា​កត់សម្គាល់​ពី​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​អាមេរិក​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​។

    គួរជម្រាបថា លោក Trump ក៏បានអញ្ជើញប្រធានាធិបតីចិនលោក Xi Jinping ឱ្យចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនាយប់នេះផងដែរ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) បន្ទាប់ពីបានឈ្នះការបោះឆ្នោត។ ប៉ុន្តែលោក Xi Jinping មិនបានចូលរួមដោយផ្ទាល់នោះទេ ខណៈលោក Han ជាអ្នកចូលរួមជំនួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: