ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា ផ្លូវ ៦០ម៉ែត្រត្រូវបានដាក់កម្លាំងបាញ់ល្បឿន និងពិនិត្យជាតិអាកុល
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រត្រូវបានដាក់កងកម្លាំងដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់សម្រាប់ការត្រួតពិនិត្យជាតិអាកុលចាប់ពីថ្ងៃ២១ ខែមករា ឆ្នាំ២០២៥នេះតែម្តង ។

ការដាក់បញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនេះ ក្រោយសង្កេតឃើញថា ផ្លូវ៦០ម៉ែត្រនេះឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកសោដនាថកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដោយខ្លះបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ។ ជាក់ស្តែងកាលពីសប្តាហ៍មុន មួយគ្រួសារត្រូវបានអ្នកបើកបរមានជាតិស្រវឹងបើករថយន្តបុកមួយគ្រួសារស្លាប់ដោយទាំងកូនតូចៗ២នាក់ផងដែរ ដោយបន្សល់ទុកម្តាយរងបួសធ្ងន់ដាច់ជើងម្ខាង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី២០ ខែមករា បានបញ្ជាស្នងការរងស្តីទី ទទូលផែនការងារនគរបាលចរាចរណ៍ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ និងពិនិត្យបញ្ហាប្រឈមដែលកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនេះ ព្រមទាំងផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់៦០Km/h។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទក៏បានបញ្ជាទៅការិយាល័យក៏ដូចជាស្នងការរងពាក់ព័ន្ធខាងចរាចរណ៍ឲ្យចុះមើលភូមិសាស្រ្តនិងពេលវេលាដែលកើតហេតុ ថាតើបណ្តាល មកពីកត្តាអ្វីខ្លះបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍?។ ឯកឧត្តមស្នងការក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអាំងអស់គ្នាដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕ ប្រភព៖ ក្រសួងព័ត៌មាន


