ព័ត៌មានជាតិ January 27, 2025

ក្រុមហ៊ុន CBS បង្ហាញការសោកស្ដាយ និងចាត់ទុកមរណភាពរបស់ពិធីការិនីព័ត៌មាន នូ ថាណ្ណា ជាការបាត់បង់នូវធនធនមនុស្ស និងបញ្ញាវន្តដ៏ឆ្នើមម្នាក់ក្នុងវិស័យសារព័ត៌មាន

Liny Chan

ក្រោយទទួលបានដំណឹងមរណភាពរបស់កញ្ញា នូ មៈនេត្រអាថាណ្ណា ក្រុមហ៊ុន Cambodia Broadcasting Service(CBS) បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចាត់ទុកមរណភាពរបស់ពិធីការិនីព័ត៌មានល្បីឈ្មោះរូបនេះ គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Cambodia Broadcasting Service(CBS) មានទុក្ខយ៉ាងក្រៀមក្រំ សូមជម្រាបជូនបុគ្គលិកគ្រប់ផ្នែក និងសាធារណជន មេត្តាជ្រាបថា កញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNCបានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមន្ទីពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ។

កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនាមជាពិធីការនីមួយរូប កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន។

មរណភាពរបស់កញ្ញា នូ មៈនេត្រអាថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន CBS សូមចូលរួមរំលែកមរណទុក្ខ និងក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារកញ្ញា នូ មៈនេត្រអាថាណ្ណា និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធ កញ្ញា នូ មៈនេត្រអាថាណ្ណា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា សពកញ្ញានូ មៈនេត្រអាថាណ្ណា នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា(៥៩៨) រាជធានីភ្នំពេញ៕ ប្រភព៖ CNC TV