ព័ត៌មានជាតិ April 7, 2021

TOP NEWS: អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងលក់គ្រឿងហូប គួរខ្ចប់ជូនអតិថិជនប្រសើរជាងអង្គុយនៅក្នុងហាង ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

Khmerpress

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានលើកទឹកចិត្ត និងអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់នៅទូទាំងរាជធានីភ្នំពេញ គួរបម្រើសេវាដោយខ្ចប់ជូនអតិថិជន ប្រសើរជាការអង្គុយទទួលទាននៅក្នុងហាង។

ការអំពាវនាវរបស់លោក ឃួង ស្រេង ធ្វើឡើបន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការអំពាវនាវរបស់លោក ឃួង ស្រេង ធ្វើឡើបន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការខ្ចប់»

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។

បើតាមអភិបាលរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋាន ហាងកាហ្វេ នៅតែអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

មន្ដ្រីសុខាភិបាលក៏បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News ដែរថា ករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញ នៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូបចុក ជួបជុំ នៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម។ លើសពីនេះទៅទៀត ក៏មានការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។

ជាក់ស្ដែងបុគ្គលិកធនាគារមួយ ពេលធ្វើការមានការពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្ចប់បាយផ្ទះទៅដើម្បីហូប ប៉ុន្ដែបែរជាត្រូវឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews