ព័ត៌មានអន្តរជាតិ July 6, 2021

មហាសេដ្ឋីលេខ១លើពិភពលោក គឺលោក Jeff Bezos បានលាលែងពីតំណែងជា​នាយក​ប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ចំថ្ងៃខួប ២៧ឆ្នាំ របស់ក្រុមហ៊ុនផ្ទាល់

Khmerpress

ស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះហើយ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលត្រូវជាថ្ងៃគម្រប់ខួប ២៧ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤។ លោក Bezos បានប្រែក្លាយក្រុមហ៊ុន Amazon ពីអ្នកលក់សៀវភៅអនឡាញ ទៅជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយ ដែលមានតម្លៃទីផ្សារប្រហែល ១.៧៧ ទ្រីលានដុល្លារ។ លោកបានធ្វើឱ្យក្រុមហ៊ុន Amazon បោះជំហានទៅមុខជានិច្ច ខណៈសព្វថ្ងៃក្រុមហ៊ុនក៏មានបម្រើជាកញ្ចប់សេវាកម្មដូចជា៖ streaming ឬ cloud ជាដើម។

មហាសេដ្ឋីរូបនេះនឹងនៅតែធ្វើជាប្រធានក្រុមហ៊ុនដដែល ប៉ុន្តែគាត់នឹងផ្តោតលើការវិនិយោគលើវិស័យលំហអាកាសដែលគាត់បានបង្កើត។ លោក Bezos គ្រោងនឹងធ្វើដំណើរទៅកាន់ទីអវកាស នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ នៅលើរ៉ុក្កែតមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Blue Origin ដែលលោកវិនិយោគ។

ចំណែកលោក Andy Jassy ដែលគេស្គាល់ជាទូទៅថា ជាអ្នកប្រឹក្សានៅពីក្រោយលោក Bezos នឹងត្រូវកាន់កាប់តំណែងរបស់មហាសេដ្ឋីរូបនេះ នៅចំពេលដែលក្រុមហ៊ុនយក្សមួយនេះ រងការចោទប្រកាន់ពីបទរំលោភបំពានទីផ្សារ។ ពោលគឺនៅក្នុងខែឧសភា អគ្គព្រះរាជអាជ្ញានៃរដ្ឋ Washington D.C. បានប្តឹងក្រុមហ៊ុន Amazon ពីបទរំលោភលើច្បាប់ប្រឆាំងនឹងការជឿទុកចិត្ត តាមរយៈអំណាចផ្តាច់មុខក្នុងការកំណត់តម្លៃ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK