Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារជាតិ យកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិ

    BY Naren April 5, 2025
    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារជាតិ យកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិ

    (ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ ត្រូវបន្ដយកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ក្នុងនោះត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់»

    បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី, ការសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃនេះ បានបង្ហាញការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាមមិនមានអាថ៌កំបាំងនោះឡើយ។

    សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យ- សម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឲ្យបានល្អ ស្ថិរភាព និងមានប្រសិទ្ធភាព។

    ពោលគឺប្រើប្រាស់ និងគ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និងស្បៀងអាហារឲ្យបានសមស្របទៅនឹងតម្រូវការជាក់ស្ដែង និងតាមជំនាញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និង គ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ។ នេះបើតាមការបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: