ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ ដែលលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅអគារកាស៊ីណូមួយកន្លែង ក្នុងខេត្តព្រះសីហនុ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ ដែលលបលួចប្រព្រឹត្តិបទល្មើស Online Scams នៅអគារកាស៊ីណូ ជីន យូ មេន តាំង ក្នុងខេត្តព្រះសីហនុ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ហាដឹកនាំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកង រាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ដែលមានជនបរទេសជាច្រើនរយនាក់ នៅចំណុច អគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រង សភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន ៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕



ប្រភព៖ ក្រសួងព័ត៌មាន