ព័ត៌មានជាតិ April 8, 2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានខ្ពស់ជាងគេនៅកម្ពុជា ភ្ជាប់រវាងខេត្តពោធិ៍សាត់ និងកោះកុង សម្រាប់រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Liny Chan

(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន លេខ២៨ស្ពាននៃគម្រោងផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា រយៈពេល ៧ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ មុននិងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានលេខ២៨នេះ ក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមានតំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាមួយនឹងការប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្ពស់ជាងគេនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ការអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺសម្រាប់​តែរថយន្ត គ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗ ត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា អំឡុងពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺមិនអនុញ្ញាតឱ្យឈប់យានយន្តលើស្ពាន ដើម្បីថតរូបនោះទេ ដើម្បីធានាសុវត្ថិភាព គឺអាចចតឡាននៅក្រៅស្ពាន និងដើរទៅថតរូបបាន។

ជាមួយគ្នានោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីកុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារគ្រោះថ្នាក់ចររាចចរណ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News