ព័ត៌មានជាតិ April 11, 2025

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ «សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ»

Naren

(ភ្នំពេញ)៖ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមាន អរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនចៀសផុតពីការរងគ្រោះដោយសារការចែកចាយ ព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖

ទី១៖ បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ

ទី២៖ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាននិងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត

ទី៣៖ ចាប់យកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរដ្ឋនិងឯកជន ទាំងប្រពៃណីនិងទំនើប និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ហើយត្រូវលើកទឹកចិត្តដល់អ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ

និងទី៤៖ ចែករំលែក ផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន មានប្រភពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់គ្រួសារ អ្នកនៅជុំវិញខ្លួននិងខ្លួនឯងផ្ទាល់ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់ការរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ទៀតថា៖ «យើងទាំងអស់គ្នាត្រូវចងចាំថា ពាក្យចចាមអារ៉ាម ឬការគ្រាន់តែចែកចាយតៗគ្នា ឬការគ្រាន់តែឮគេថា» ជាព័ត៌មានដែលមិនទាន់អាចយកជាការបាននៅឡើយទេ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពផ្លូវការច្បាស់លាស់ណាមួយសិនឧទាហរណ៍ការផ្សាយផ្លូវការ ឬការចេញសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដឹកនាំដោយក្រសួងព័ត៌មាន មានគោលដៅធានា និងការពារសិទ្ធិ និងសុវត្ថិភាពក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។

សូមពលរដ្ឋ អ្នកប្រើប្រាស់ អ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងអ្នកចែកចាយព័ត៌មានបែបឌីជីថលទាំងអស់ ចូលរួមទប់ស្កាត់ និងឈានទៅបញ្ចប់ ចរាចរ ព័ត៌មានក្លែងក្លាយក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ។ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ!៕ ផ្តល់សិទ្ធិដោយ៖ Fresh News