ព័ត៌មានជាតិ April 12, 2025

និយ័តករទូរគមនាគន៍កម្ពុជា រកឃើញមានការជួលស៉ីមកាតទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស និងបានចាត់វិធានការជាបន្តបន្ទាប់

Naren

(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងឲ្យដឹងថា និយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញមានករណីជួលស៉ីមកាត ទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស ហើយករណីនេះត្រូវបានចាត់វិធានការផងដែរ។

ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។

លោក ស្រ៊ុន គឹមសាន បានថ្លែងឲ្យដឹងថា យើងបានរកឃើញភាពមិនប្រក្រតីមួយចំនួន ចំពោះការចុះបញ្ជីស៊ីមកាត មានអ្នកប្រើប្រាស់ និងភ្នាក់ងារអ្នកចែកចាយ បានជួលឲ្យអ្នកផ្សេងបើកកុងធនាគារ ឬបង្កើតគណនីបណ្តាញសង្គម, ផ្ញើ SMS ដើម្បីប្រព្រឹត្តបទល្មើស គឺយើងបានរកឃើញករណីនេះមួយចំនួន។

លោកបានបន្ដថា ដូចដែលយើងធ្លាប់បានឃើញថា មានករណីផ្ញើសារ (SMS) លើល្បែងអនឡាញជាដើម ដែលបានផ្ញើរមកកាន់ទូរស័ព្ទរបស់យើង តាមពិតទៅនេះមិនមែនជាការផ្ញើមកពីប្រតិបត្តិករទូរស័ព្ទនោះទេ ប៉ុន្ដែជាការផ្ញើមកតាមរយៈជនឆ្លៀតឱកាស ឬជនទុចរិកមួយចំនួន មានឧបករណ៍ ដើម្បីបន្លំ ក្នុងបំណងបោកបញ្ឆោត។

លោកបានបញ្ជាក់ថា កន្លងមកយើងធ្លាប់បានចាប់បានចំនួនមួយករណីនៅក្នុងក្រុងព្រះសីហនុ ហើយបានបញ្ជូនករណីនេះទៅតុលាការ ដើម្បីបន្ដនីតិវីធីតាមផ្លូវច្បាប់ហើយ បន្ថែមពីនេះ និយ័តករកំពុងដំណើរការ ក្នុងការបញ្ឈប់រាល់ដំណើរការនៃការផ្ញើសារនេះផងដែរ។

លោក ស្រ៊ុន គឹមសាន បានបន្ដថា រហូតមកដល់ពេលនេះនិយ័តករទូរគមនាគមន៍កម្ពុជា បានបិទខ្ទប់ប្រមាណជាង ២ម៉ឺនវេបសាយ មានវេបសាយល្បែងអនឡាញ វេបសាយអាសអាភាស ដែលបានផ្ញើសារ (SMS) នឹងត្រូវបានក្រុមការងារ ឬអគ្គស្នងនគរបាលជាតិ គណៈកម្មការល្បែងពាណិជ្ជកម្ម បានស្នើមកនិយ័តករទូរគមនាគន៍កម្ពុជា ដើម្បីបិទខ្ទប់៕ ផ្តល់សិទ្ធិដោយ Fresh News